ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! ជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ»

នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។

តាមរយៈដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងដីកាដដែលនេះ ក៏បានកត់សម្គាល់ថា ដីកានេះអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គល ព្រហ្ម វិចិត្រសុសក្ដា ចូលបង្ហាញខ្លួនបាន។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់៕

Leave a Reply

Your email address will not be published.