ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនបើករថយន្ត LAMBORGHINI បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ អនុវត្តក្នុងពន្ធនាគារ ៦ខែ

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងទៀតថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ០២ (ពីរ) ឆ្នាំ។

ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំនេះ ដោយទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ (ប្រាំមួយ) ខែ ទោសនៅសល់ពីនេះឱ្យព្យួរការអនុវត្តធម្មតា ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីចរាចរណ៍ សាលាដំបូងរាជធានីភ្នំពេញប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសគឺការផ្តន្ទាទោសដាក់ ពន្ធនាគារ បើទោះបីជាករណីនេះ មានការសម្រុះសម្រួលសងសំណង និងការដកពាក្យបណ្តឹងពីដើមបណ្តឹង រដ្ឋប្បវេណីក៏ដោយ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២៖៤៤នាទីរំលង អាធ្រាត្រឈ្មោះ FU ZHONG HUA ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន២នាក់ទៀត ជាជនជាតិចិន រហូតសមត្ថកិច្ចតាមឃាត់ខ្លួនបាន៕

 

ប្រភព ៖ Fresh News

Leave a Reply

Your email address will not be published.