ទំនាក់ទំនងចាងហ្វាង៖ 061 81 86 86
ព័ត៌មានសន្តិសុខសង្គម

ស្លាប់ឪពុកនិងកូនយ៉ាងអណោចអធ័មគ្រាដែលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តម៉ាកលុច្សីសRX300 ដែលបើកបរស្របទិសគ្នាបុកពីក្រោយ

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា មនុស្សពីរនាក់ដែលជាឪពុកនិងកូនបានស្លាប់ភ្លាមៗយ៉ាងណោចអធ័មកាលពីថ្ងៃទី១៣ ឧសភា ឆ្នំា២០២៤នេះ នៅលើចិញ្ចើមផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្រាដែលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តម៉ាកលុច្សីសRX300 ដែលបើកបរស្របទិសគ្នាបុកពីក្រោយ។

ជនរងគ្រោះឈ្មោះ ឆាយ ណាត អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានស្លាប់នៅនឹងកន្លែងកើតហេតុ) កូនឈ្មោះ ឈុំ ណូរ៉ា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ។ ចំណែកអ្នកបើកបររថយន្តបង្ករឈ្មោះ ភុំ សម្បត្តិ ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាល រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ពេលនេះជនបង្ក និងវត្ថុតាង ត្រូវបានឃាត់ និងរឹបអូសទុកនៅអធិការដ្ឋាន ហើយពេលនេះលោកកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា ៨៥ ជនណាបើកបរដោយធ្វេសប្រហែស ខ្ចីខ្នា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចនៃបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យ ជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) រៀល ៕

ប្រភព ៖ ភ្នំពេញថ្ងៃនេះ

Leave a Reply

Your email address will not be published.