(កំពង់ចាម)៖ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នា ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវកៅស៊ូ ១ខ្សែ ផ្លូវគ្រួសក្រហម ៣ខ្សែ និងការកសាងលូ៥កន្លែង ក្នុងស្រុកចំនួន២ នៃខេត្តកំពង់ចាម។
ក្រុមការងារនេះដឹកនាំដោយលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២ រួមទាំងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ មានប្រវែង១៨,០៥០ម៉ែត្រ និងការកសាងលូ៥កន្លែងក្នុងស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ និងផ្លូវថែទាំខួបកៅស៊ូ១ខ្សែ ប្រវែង១១,៥២០ម៉ែត្រ ស្ថិតក្នុងស្រុកចំការលើ នៃខេត្តកំពង់ចាម។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំងនេះ លោកបណ្ឌិត នួន ដាញ៉ិល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយថែរក្សានូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន៖ ផ្លូវជនបទ អណ្តូងទឹក និងបង្គន់អនាម័យជាដេីម ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយះក្រសួងអភិវឌ្ឍន៍ជនបទពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនចំណូលក្នុងគ្រួសារ និងផ្សាភ្ជាប់ទីជនបទទៅកាន់ទីប្រជុំជនជាដើម។ ពោលគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងលេីស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទជាប់ជានិច្ច។
ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវកៅស៊ូមួយខ្សែ ផ្លូវក្រាលគ្រួសក្រហម៣ខ្សែ និងលូមូល៥កន្លែងរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ។
លោកបណ្ឌិត នួន ដាញ៉ិល ក៏បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវថ្នល់ដូចជាផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ ឬផ្លូវបេតុងដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះ ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។
ផ្លូវទាំងអស់នេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើន លើសពីការរំពឹងទុកតាមរយៈការដឹកជញ្ជូនកសិផល ដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យនៅតាមតំបន់នោះមានការឡើងថ្លៃជាដើម៕
ប្រភព ៖ Fresh News