(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។
ខាងក្រោមជាខ្លឹមសារសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្ត និងរីករាយ ចំពោះស្នាដៃបច្ចេកវិទ្យារបស់កូនខ្មែរ បញ្ជារ៉ូបូតផលិតតែក្រូចឆ្មា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ សម្រាប់សម្តេចមហាបវរធិបតី ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មនៅកម្ពុជា និង ជំរុញពាណិជ្ជកម្មអន្ដរជាតិ, រួមមាន ១) ការបន្តធ្វើពិពិធកម្មទីផ្សារ ទាំងក្នុង និង ក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបាន សម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផល នាំចេញ, ២) ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម, ជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ, ៣) ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យ ឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង សំណូមពររបស់វិស័យឯកជន និង ៤) ការបន្ត ពិនិត្យឡើងវិញនូវរាល់ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យពាណិជ្ជកម្ម សំដៅលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរលោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម តែងជួបជជែកផ្ទាល់ជាមួយអ្នកធ្វើធុរកិច្ច ដើម្បីទទួលបានបញ្ហាពិតជាក់ស្តែង ហើយដាក់ចេញដំណោះស្រាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ពាក់ព័ន្ធកិច្ចការរបស់ក្រសួងស្ថាប័នរបស់រដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និង អន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និង បន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។
* សម្តេចមហាបវរធិវតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាទីផ្សារចាស់ ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់រក្សាឱ្យបាន។ សម្តេចបានលើកឡើងថា ការរក្សាឱ្យបានទីផ្សារចាស់ ម៉ូយចាស់ គឺងាយនឹងពង្រីកទីផ្សារថ្មី ម៉ូយថ្មី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និងប្រកបដោយចលនការ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រម ទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យ ឯកជនបន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល, រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រីកការយកចិត្តទុកដាក់ឱ្យចំគោលដៅផលិតផល ដោយផ្តោតលើការផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញដោយផ្ទាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការ គ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ និងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយ ចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និង លើកឡើងនូវការស្នើវិធានការ និង យុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ ២០២៩ ក៏ដូចជាការឈានដល់ការសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមចំណែកក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២២- ២០៣៥ និង គោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២៣-២០៣៥ ដើម្បីប្រសិទ្ធភាពសេដ្ឋកិច្ច និង កាត់បន្ថយថ្លៃពាណិជ្ជកម្ម និង ពេលវេលា, ក្រសួងពាណិជ្ជកម្ម ត្រូវបន្តជំរុញការធ្វើ ឌីជីថលូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងបន្ត ពង្រឹងសមត្ថភាពមន្ត្រីឌីជីថល តាមរយៈការបណ្ដុះបណ្តាលជាប្រចាំ និង ការលើកម្ពស់ភាពជា អ្នកដឹកនាំឌីជីថល ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការដើម្បីទាញយក ផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង១០៖១៥នាទី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕
ប្រភព ៖ Fresh News