Thursday, November 27, 2025
ផ្ទះប្លុករដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកព័ត៌មាន មិនត្រូវប្រើប្រាស់ភាសាអសុរោះ ឬពង្រីកព្រឹត្តិការណ៍ដែលកើតឡើងជាក់ស្តែងជាដាច់ខាត, អ្នកព័ត៌មាន មានតួនាទីនាំសារពិតជូនពលរដ្ឋ និងចូលរួមលើកស្ទួយសីលធម៌សង្គម

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកព័ត៌មាន មិនត្រូវប្រើប្រាស់ភាសាអសុរោះ ឬពង្រីកព្រឹត្តិការណ៍ដែលកើតឡើងជាក់ស្តែងជាដាច់ខាត, អ្នកព័ត៌មាន មានតួនាទីនាំសារពិតជូនពលរដ្ឋ និងចូលរួមលើកស្ទួយសីលធម៌សង្គម

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកដល់អ្នកសារព័ត៌មាន មិនត្រូវប្រើប្រាស់ភាសាអសុរោះ ឬពង្រីកព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្តែងនៅអត្ថបទព័ត៌មាន និងការផ្សាយផ្ទាល់ជាដាច់ខាត។ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំងណាស់ដើម្បីនាំយកសារពិតជូនដល់ប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយសីលធម៌នៅក្នុងសង្គមជាតិ។

ការរម្លឹកបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសលោកបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកទាំងអស់គ្នាអាចចូលរួមកែប្រែបាន ភាសាដែលយើងប្រើធ្វើម៉េចឱ្យសមរម្យ កុំឱ្យប្រើប្រាស់ភាសាអសុរោះ ភាសាអាក្រក់ ដើម្បីទាក់ទាញការស្តាប់។​ អ្នកកាសែត ត្រូវការប្រើប្រាស់ភាសាអព្យាក្រឹត្យ ហើយបង្កើតទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ច […] អ្នកកាសែត មិនត្រូវផ្សាយព័ត៌មាន មិនពិតដោយមិនបានផ្ទៀងផ្ទាត់ប្រភព ដែលអាចបង្កការភាន់ច្រឡំ»

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពាក់ព័ន្ធនឹងការទទួលថវិកា ដើម្បីបិទព័ត៌មាន ហើយការផ្សាយព័ត៌មានក្លែងក្លាយ ពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាបប់ទៅនឹងលក្ខខណ្ឌ ជម្រិតយកលាភសក្ការៈ ឬក៏កំហែងទារពីបុគ្គល ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលអាចបង្កផលប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ និងមិនត្រូវប្រើប្រាស់ភាសាបង្ខិតបង្ខំ ឬញុះញង់នោះទេ ជាពិសេសត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនការផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ដែលរំលោភបំពានសិទ្ធិឯកជនអ្នកដទៃជាដាច់ខាត។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ 

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មា​ន គឺជាកញ្ចក់ឆ្លុះបញ្ចាំង ចូលរួមអប់រំ កែប្រែសង្គមជាតិយើងឱ្យមានភាពវិជ្ជមាន។ ដូច្នេះ អ្នកសារព័ត៌មានទាំងអស់ ត្រូវរួមគ្នាអនុវត្ត និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មាន ពុំមានអភ័យឯកសិទ្ធិនោះទេ ដូច្នេះ នៅពេលដែលអ្នកសារព័ត៌មានធ្វើខុស គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក៏ប៉ុន្តែ អ្នកសារព័ត៌មាន មានអាវក្រោះការពារខ្លួននៅពេលដែលផ្សាយព័ត៌មានពិត និងផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ហើយជាពិសេសការអនុវត្តតាម ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ លោកក៏សូមអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងទាំងអស់គ្នារួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន៕

ប្រភព៖ Fresh News

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ