(មណ្ឌលគិរី)៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ និង សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ«ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរចំពោះរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានទឹក និងឧតុនិយមយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមហែកហួរ និង ធ្លាប់ជាវាលពិឃាតក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជាតំបន់អសន្តិសុខ និង ជាចម្ការមីន ដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះបានប្រែមុខមាត់ថ្មី មានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យព្រួយបារម្ភឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និង ឯកភាពជាតិ តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ, ទាំង វិស័យនយោបាយ សង្គម-សេដ្ឋកិច្ច និង វប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត, ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតា យកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោធ្វើឡើងកាលពីឆ្នាំ១៩៩៩ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឱ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនបានធ្វើឱ្យបាត់បង់បូរណភាពទឹកដី ឬយកច្បាប់ប្រទេសណាមកអនុវត្តន៍នៅលើទឹកដីកម្ពុជានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកបារម្ភបាត់បង់ទឹកដីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តលើកជាសំណួរទៅមេដឹកនាំបក្សប្រឆាំងកំពុងរស់នៅក្រៅប្រទេសថា ពេលនៅជាសមាជិកសភា ហេតុអ្វីមិនតវ៉ាដកកិច្ចសហប្រតិបត្តិការ CLV។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានបំណងណាមួយធ្វើឱ្យប្រទេសបាត់បង់ទឹកដីនោះទេ មានតែប្រឹងប្រែងធ្វើឱ្យប្រទេសរឹងមាំ និងមានសេដ្ឋកិច្ចខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសកិច្ចសហប្របត្តិការ ប្រៀបដូចជាបញ្ឆេះឱ្យមានជម្លោះ និងការបែកបាកជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាបន្តទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ កម្ពុជាសាងសង់ប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រព្វបានជាង ១លានហិកតា ចំណាយថវិកា ១,៨០០លានដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនត្រឹមតែផែនការនោះទេ គឺសមិទ្ធផលជាក់ស្តែងនៅលើដី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលមានមិនទាន់ឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះត្រូវបន្តប្រឹងប្រែងជាបន្តទៀត ដើម្បីប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើស្រឡាញ់ និងបារម្ភពីប្រទេសជាតិ ត្រូវរៀនសូត្រឈ្វេងយល់ ឱ្យបានច្បាស់ពីតំបន់នីមួយៗនៅក្នុងប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារធនធានទឹក និងឧតុនិយមដែលត្រូវអនុវត្តបន្តនៅមានច្រើន។ សម្តេចមានជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក មេរៀន បទពិសោធ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងការចូលរួម និងកិច្ចសហការពីអ្នកពាក់ព័ន្ធ នឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅធានាឱ្យបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យគ្រប់វិស័យ ក៏ដូចជាការចូលរួមទប់ស្កាត់ និង ការកាត់បន្ថយនូវគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនកាន់តែឆាប់រហ័សថែមទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានប្រើប្រាស់យូរអង្វែង ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង ធានាសុខដុមនីយកម្មជូនប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរ ដើម្បីសម្រេច បានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសការដោះស្រាយទុក្ខលំបាក និង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំឲ្យជឿតាមញុះញង់របស់មេខ្យល់ ដែលអះអាងថាចុះឈ្មោះដើម្បីបានដីសម្បទាន។ សម្តេចធិបតី បានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាវេលាម៉ោង ៩៖៤៥នាទី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕
ប្រភព ៖ Fresh News