(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក កន សុខកាយ បានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»៕