ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមប្លន់តាមភូមិសាស្ដ្ររាជធានី-ខេត្ត ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន២នាក់នៅខេត្តសៀមរាប

(សៀមរាប)៖ ក្រុមចោរដែលតែងធ្វើសកម្មភាពប្លន់តាមភូមិសាស្ដ្ររាជធានី-ខេត្តយ៉ាងសកម្មនាពេលកន្លងមក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពចុងក្រោយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្ក​ឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។

ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ​របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។

លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្នោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ​ រ៉ង​ សារ៉ាត់​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់​ខ្លួនបាននៅចំណុច​ ភូមិថ្នលដាច់​ ឃុំដានរុណ​ ស្រុកសូនិគម​ ខេត្តសៀមរាប
*ទី២៖ ឈ្មោះ​ ឈិន​ ភន ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក​ ឃុំ​ស្រយ៉ង​ ស្រុកគូលេន​ ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រឹត្តបទល្មេីសបានមួយចំនួន​។

ក្រោយ​ពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពួកគេដែលមានបក្ខចំនួន​៣នាក់​ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត) ភ្ជង់ប្លន់យកទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ​ ខេត្តសៀមរាប ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀម​រាប​ បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ​ឈ្មោះ​ ឈិន​ ភណ្ឌ​ ដែលរត់គេចខ្លួន៕

Fresh News

Leave a Reply

Your email address will not be published.