ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ស្តីពីការរៀបចំប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញដូចតទៅ៖

១-ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុត ក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤- អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ចំពោះជនណាបំពានលើសេចក្តីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន។

លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉/២៤ម៉ របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០១២ ៩៩៩ ៩៩៩ និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៦៦៦, ០៩៧ ៧៣៣ ៣៣ ៥៥៕

Leave a Reply

Your email address will not be published.